ពេលប្រលងកុំបែកអារម្មណ៍ ភ័យខ្លាចដល់ម៉ោង ឬធ្វើមិនចេញ និងកុំចាប់អារម្មណ៍លើអ្នកដទៃច្រើនពេក ដូចជាការចាំតែគេធ្វើហើយបានចំលងជាដើម ត្រូវហ៊ានប៉ាន់ស្មានពេលវេលា ហ៊ានរំលងសំនួរដែលមិនយល់សិន។
ពេលបានក្រដាស់ប្រលងត្រូវអានសំនួរទាំងអស់អោយបានមួយចប់សិន បើសំនួរណាច្បាស់ហើយចាប់សរសេរភ្លាម កុំស្ទាក់ស្ទើរ ប្រើក្រដាស់ព្រាងកត់លេខសំនួរដែលពិបាក ឬស្រួលតាមយុទ្ធសាស្រ្តម្នាក់ៗ។
ពេលធ្វើអក្សរសាស្រ្តខ្មែរ ត្រូវបែងចែកម៉ោងសំនួរទូទៅ និងសំណេរជាពីរ ប្រើពេលពាក់កណ្តាលព្យាយាមឆ្លើយសំនួរទូទៅអោយអស់ ទោះសល់មួយ ឬពីរ ត្រូវចាប់ផ្តើមសំណេរភ្លាមកុំដំអក់។ សរសេរតែងសេចក្តីត្រូវយល់ពីប្រភេទសំណេរ តែបើគិតទៅទូទៅនៅតែចែកជា៖
- ផ្តើមសេចក្តី
- តួសេចក្តី
- សន្និដ្ឋាន និងបញ្ចប់សេចក្តី
ចំពោះមុខវិជ្ជាវិទ្យាសាស្រ្តដូចជា គណិត រូប ឬគីមី ចាប់ផ្តើមភ្លាមត្រូវមើលសំនួរ និងមុនប្រលងត្រូវព្យាយាមចាំរូបមន្ត ព្យាយាមធ្វើសំនួរធម្មតាមុន។ ដូចគ្នាព្យាយាមគិតថាចែកពេលជាពីរ ធ្វើផ្នែកស្រួល និងផ្នែកលំបាក (សំនួរពិន្ទុច្រើន)។ បើគិតភ្លាមមិនឃើញគួររំលងសិន តែកុំភ្លេច ចេះកត់លើក្រដាស់ព្រាងផង។
បណ្តាំចុងក្រោយគឺ "កុំតក់ស្លុត និងត្រូវពង្រឹងស្មារតី ជាមួយនឹងការជឿជាក់លើខ្លួនឯង"។
សង្ឃឹមថាការប្រលងនៅថ្ងៃច័ន្ទខាងមុខនេះ នឹងប្រកបដោយយុត្តិធម៌ គ្មានការសូកប៉ាន់។
សំណាងល្អ បានពន្ទុល្អទាំងអស់គ្នា!